ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមនាំគ្នាជួយគាំទ្រ ដើម្បីឱ្យកម្មវិធីមានភាពអធឹបអធម ដើម្បីទាក់ម៉ូយទេសចរណ៍ មកលេងខេត្តសៀមរាបកាន់តែច្រើន។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ខែមេសា ឆ្នាំនេះ គឺយើងអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះម្ដងទៀត។ ចឹងសូមត្រៀម ដើម្បីធ្វើឱ្យសង្ក្រាន្ត អង្គររបស់យើងឆ្នាំនេះ កាត់តែសប្បាយទាក់ម៉ូយឱ្យបានច្រើន»។

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ