ទូតអ៊ីស្រាអែល ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ភ្នំពេញ ៖នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៊ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ, លោកស្រី ក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល។ សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៉ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
សម្ដេចបវរធិបតី និងលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។
សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ លោកស្រី ឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ៕