ភ្នំពេញ ៖ នៅទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមភស្តុភារកម្មកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំអង្គសិក្ខា សាលាផ្សព្វផ្សាយលើកទី២ ស្តីពីនីតិវិធីកំណត់តម្លៃគិតពន្ធគយ និងនីតិវិធីស្នើសុំ វិធានបញ្ជាក់លើវិញ្ញា បនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។
 
អង្គសិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ សុវិទ្យា អគ្គនាយករងនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងលោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក លោកស្រីជាអនុប្រធានសមាគម ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា នៃសមាគមភស្តុភារកម្មកម្ពុជា លោក-លោកស្រី ជាធុរជន អស់លោក លោកស្រី អ្នកនាងកញ្ញា សរុបប្រមាណ ១២០រូប អមដោយវាគ្មិនកិត្តិយស ដែលបានអញ្ជើញមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាផងដែរ។

សាវតានៃការដាក់ឱ្យដំណើរការអង្គសិក្ខាសាលានាឱកាសនេះ គឺជាស៊េរីនៃតំណរភ្ជាប់កម្មវិធីដែល បានប្រារព្ធធ្វើកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈអង្គសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ អស់លោក លោកស្រីនិងទទួលបាននូវសូចនាករដែលមានសក្តានុពលជាច្រើនទៀត ដែលត្រូវចាប់យក ដើម្បីលើកកម្ពស់ ចំណេះដឹង ក៏ដូចជាការអនុវត្តន៍ជាក់ស្តែង ក្នុងនាមជាបុគ្គលអ្នកនាំចូល នាំចេញ រូបវន្តបុគ្គល និងនីតិបុគ្គល ជើងសារគយ ត្រូវតែយល់ត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់អំពីចំណាត់ថ្នាក់ទំនិញ តាមតារាងនាមវល្លិ៍ វិធានបញ្ជាក់ប្រភពដើមកំណើតទំនិញ និងតម្លៃគិតពន្ធគយ តាមបទប្បញ្ញត្តិជាធរមាន ដើម្បីជាមូលដ្ឋានក្នុងការ គណនាកាតព្វកិច្ចពន្ធនិងអាករគយឱ្យបានត្រឹមត្រូវ។

បន្ទាប់ពីអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងស្របតាមការ ចង្អុលបង្ហាញរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីដើមឆ្នាំ២០២៤ មក អ.គ.រ បានសម្រេចនូវការធ្វើទំនើបកម្ម សាមញ្ញកម្មគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ជូនដល់វិស័យឯកជន ជាពិសេស ការផ្តល់ការលើកទឹកចិត្តខ្ពស់ចំពោះធុរជនដែលជាសមាជិកសមាគម ភស្តុភារកម្មកម្ពុជា។

ទោះជាយ៉ាងណា សម័យកាលបច្ចេកវិទ្យាកាន់តែរីកចំរើន បញ្ហាប្រឈមក៏កើតមានឡើង ថ្មីៗបន្ថែមទៀត ដែលសូមឱ្យ អ.គ.រ និងវិស័យឯកជនក៏នៅតែបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និត ដើម្បីធានាឱ្យ បានការអនុវត្តន៍មួយ ប្រកបដោយតម្លាភាព និងកិច្ចសម្រួលផ្នែកពាណិជ្ជកម្ម ឈានទៅការចូលរួមសម្រេច ឱ្យបាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងភាពរីកចំរើនផ្នែកសេដ្ឋកិច្ចកម្ពុជាទាំងមូល។

សមាគមភស្តុភារកម្មកម្ពុជា និងបន្តសហការគ្នាជាមួយ អ.គ.រ រៀបចំអង្គសិក្ខាសាលានេះឱ្យបានជា ប្រចាំប្រកបដោយប្រសិទ្ធភាព និងឧត្តមសមិទ្ធិផលនៃកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ