ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សា របស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម។

នាឱកាសអញ្ជើញជាអធិបតី ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។

សម្តេចបវរធិបតី បន្ដថា ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនា របស់រដ្ឋ និងសីលធម៌សង្គម, ជាពិសេស ការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ ទូរទស្សន៍ រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈ។

ជាងនេះទៅទៀត សម្តេចបវរធិបតី ក៏បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត, ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍ តាម វត្តអារាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ