ក្រសួងមុខងារសាធារណៈ ស្នើឱ្យផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ស្នើឱ្យអភិបាលរាជធានី ខេត្ត ចូលរួមសហការផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ដើម្បីឱ្យការជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រព្រឹត្តទៅស្របតាមគោលការណ៍កំណត់។
នេះបើតាមលិខិតមួយច្បាប់ចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដាក់ទៅអភិបាលរាជធានីខេត្ត។
បើតាមលិខិតនោះ មូលហេតុ នៃការផ្អាក គឺដើម្បីអនុវត្តផែនការសកម្មភាពនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៧ ដែលត្រូវផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព រួមទាំងការអនុវត្តវិធានការគន្លឹះទី១ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព តម្លាភាព យុត្តិធម៌ យុត្តិធម៌ បរិយាបន្ន បរិ និងប្រសិទ្ធភាព និងស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និងក្នុងគោលបំណងគ្រប់គ្រងឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព។
គួរជ្រាបថា កាលពីពេលកន្លងទៅ ក្រសួងមុខងារសាធារណៈ ធ្លាប់បានស្នើសុំកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅ តាមមណ្ឌលសុខភាពគោលដៅ។
បន្ទាប់មកមណ្ឌលសុខភាពបានប្រកាស នឹងបញ្ជាក់ច្បាស់លាស់អំពីព័ត៌មាន ទិន្នន័យ និងតម្រូវការមន្ត្រីសុខាភិបាលដែលនឹងត្រូវជ្រើសរើសផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងន័យកំណត់ចំនួនមន្ត្រីសុខាភិបាល អប្បបរមាចំនួន ០៧នាក់/មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំងប្រទេស។ ការរៀបចំនេះ ក៏មានការចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យពីការិយាល័យសុខាភិបាលក្រុង/ស្រុកប្រតិបត្តិ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ផងដែរ៕