ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារ សម្រាប់គាំទ្រដល់ការបោសសម្អាតមីន នៅខេត្តចំនួន៧ របស់ប្រទេសកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា បានលើកឡើងថា «នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់អង្គភាពCMACក្នុងការបោសសម្អាតមីននៃ"គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង»។

លោក បន្ដថា គម្រោងជំនួយនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន"គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា" ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២០០.០០០ ដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹងនឹងនេះ បើគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាពCMACសម្រេចបាននូវលទ្ធផល ដូចជា៖ រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់, ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨ សំណើ, អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង១.៨៦៦.៧០០នាក់, ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ