ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោក រ៉ូណាល់ ខ្លាក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។

បន្ថែមលើនោះ លោក រ៉ូណាល់ ខ្លាក បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជើងគោគ កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោក សហរដ្ឋអាមេរិក។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡេីងវិញលើសកម្មភាពមួយចំនួនដូចជា ការបណ្ដុះបណ្ដាល ជាដេីម នាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់ការគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា «ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ