ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ផ្អែកតាមរបាយការណ៍របស់លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងសរុប ២,៨៤៤លើក (យប់៥៧%) បណ្តាលឲ្យស្លាប់ ១,៥០៩នាក់ និងរបួស ៣,៧២០នាក់ (ធ្ងន់ ២,២៧៣នាក់)។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% សញ្ញាចរាចរណ៍១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាសធាតុ១%។

ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ចំនួន៨០% ( ១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៧%(៨០៧/១ ២០៦នាក់)។ គ្រោះថ្នាក់ បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៨៩៦លើក ព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។ បើគិតក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៧៣លើក ស្មើ១៤% (២ ៨៤៤៣ ៣១៧ លើក) ចំនួនអ្នកស្លាប់ថយចុះ ៨១នាក់ ស្មើ៥% (១ ៥០៩/១ ៥៩០នាក់) និងចំនួនអ្នករបួសថយចុះ ៧៩៥នាក់ ស្មើ១៨% (៣ ៧២០/៤ ៥១៥នាក់)៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ