ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា កម្លាំងជំនាញផ្នែករដ្ឋបាលនៃក្រសួងមហាផ្ទៃបាននិងកំពុងចុះស្រាវជ្រាវ ករណីអធិរងស្តីទីនៅអធិការនៅប៉ុស្តិ៍នគរបាលរតនមណ្ឌលដែលបានផឹកស្រាបៀរក្នុងឈុតជាឯកសណ្ឋានប៉ូលីស ។

លោកបណ្ឌិត ទូច សុឃៈបានឲ្យដឹងនៅថ្ងៃ៦ មីនាថា បន្ទាប់ពីឃើញមានការចែកចាយគ្នាជាបន្តបន្ទាប់ក្នុងបណ្តាញសង្គមរួចមកអំពីមន្រ្តីប៉ូលីសផឹកស្រា លោកក៏បានរាយការណ៍ទៅថ្នាក់លើ និងទៅនាយកដ្ឋានរដ្ឋបាលនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីទៅតាមជំនាញក្នុងការស្រាវជ្រាវចំពោះករណីនេះថា តើកើតឡើងនៅទីតាំងមួយណា? ។

លោកគូសបញ្ជាក់ថា “យើងរង់ចាំមើលថាតើ ការស្រាវជ្រាវរបស់អង្គភាពជំនាញចំណុះទទួលបានលទ្ធផលដូចម្តេច?”។

លោកទូច សុឃៈ ថា បើករណីនេះជារឿងពិត មិនមែនក្រៅម៉ោងបម្រើការងាររដ្ឋទេ នឹងអនុវត្តវិន័យនគរបាលជាតិកម្ពុជា ដោយគ្មានលើកលែង ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៦ មីនានេះ នៅតាមបណ្តាញសង្គមតេឡេក្រាមមានការចែកចាយជាបន្តបន្ទាប់ ចំពោះវីដេអូប្រមាណជា២នាទី បង្ហាញពីអនុសេនីយ៍ទោ និន សារ៉េន អាយុ៥២ឆ្នាំ នាយប៉ុស្តិ៍ស្តីទីនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដែលបានទាញកអាវកូនចៅរបស់លោកម្នាក់ឲ្យពិន័យផឹកស្រាបៀ បន្ទាប់មកក៏បើកការផឹកស៊ីជាមួយគ្នា ។
ប៉ុន្តែបន្ទាប់ពីមានការបែកធ្លាយវិដេអូនេះ ក៏ស្រាប់តែឃើញមានលិខិតសុំអនុញ្ញាតច្បាប់របស់លោករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៦-៧មីនា ដើម្បីទៅចូលរួមមង្គលការក្មួយនៅឧត្តរមានជ័យវិញ ។
បើតាមបទវិន័យរបស់កម្លាំងនគរបាល ត្រង់ប្រការ១៨អំពីមន្រ្តីនគរបាលជាតិកម្ពុជា ត្រូវស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិចែងថា ហាមដាច់ខាតចូលកម្សាន្តក្នុងរង្គសាល ក្នុងសម្លៀកបំពាក់ឯកសណ្ឋានគរបាលជាតិលើកលែងតែករណីបំពេញបេសកកម្ម , ហាមទទួលទានអាហារតាមទីសាធារណៈ ឬភោជនីយដ្ឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ