ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានជិត ៤ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមានចំនួនជាង ១១ពាន់លានដុល្លារអាមេរិក។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ហែម វណ្ណឌី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ។

ជុំវិញការអភិវឌ្ឍន៍វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ លោក ហែម វណ្ណឌី បានឲ្យដឹងថា កម្ពុជាមានរោងចក្រធុនធំ ដំណើរ ការមានចំនួន ២.៤២៥រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦រោងចក្រ និងរោងចក្រធុនធំបិទទ្វារ មាន ២៦រោងចក្រ, ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤ នេះដែរ មានសរុបជាង ១,១លាននាក់ ស្រ្តីមានចំនួន ៨៥ម៉ឺននាក់ ស្មើ ៧៣ភាគរយ កើនឡើង ១១ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានអះអាងថា បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថា នឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្ម បានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថា មានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ វិស័យនេះមានតម្លៃបរិមាណផលិតផលសរុប ចំនួនជាង ១៥ពាន់លានដុល្លារអាមេរិក ថយចុះជាង ១.២០០លានដុល្លារអាមេរិក ស្មើ ៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៤ពាន់លានដុល្លារអាមេរិក ថយចុះ ២៣៣លានដុល្លារអាមេរិក ស្មើជាង ៥ភាគរយ ខណៈការនាំចេញ មានចំនួនជាង ១១ពាន់លានដុល្លារអាមេរិក មានការ ថយចុះ ៩៨២លានដុល្លារអាមេរិក ស្មើ ៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ