វិថីសម្ដេចសង្ឃទេពវង្សនៅខេត្តព្រះសីហនុ ចំណាយជិត៧៧លានដុល្លារ
ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាប់ផ្តើមសាងសង់ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស (ផ្លូវលេខ១៤៦បេ) នៅខេត្តព្រះសីហនុ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់ផ្លូវនេះគ្រោងចំណាយថវិកា ៧៦,៨៨៨,០០០ ដុល្លារអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារ ដែលជាថវិកាសន្សំរបស់ជាតិ។
គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ៤៣.០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូ AC កម្រាស់ ៩ សង់ទីម៉ែត្រ ប្រវែង ២០.៦៧៨ គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់ ២៦ សង់ទីម៉ែត្រប្រវែង ២២.៣៤៧ គីឡូម៉ែត្រ។
កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ដោយប្រើប្រាស់រយ:ពេលសាងសង់ចំនួន ២៨ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ក៏ដូចជាពលរដ្ឋរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួលឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រជាដើម។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យវឌ្ឍនភាពសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៦.៧០ គីឡូម៉ែត្រ គិតចាប់ពីគីឡូម៉ែត្រលេខ ២១៦+០០០ ដល់គីឡូម៉ែត្រលេខ ២២២+៧០០ ដោយពង្រីកទទឹងតួផ្លូវរហូតដល់ ២៩ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គ្រោងចំណាយពេលសាងសង់ ១៨ ខែ អនុវត្តការសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគិតត្រឹមចុងសប្ដាហ៍ទី២ នៃខែមេសា ឆ្នាំ២០២០ គម្រោងនេះសម្រេចបាន ៤.៨១% ហើយ៕SP