ភ្នំពេញ ៖ ចំពោះ មុខលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ស្ថានភាពនៅកម្ពុជា មានភាពល្អប្រសើរ រួមទាំង សេដ្ឋកិច្ច ជាពិសេស ការធ្វើចរាចរណ៍ដោយរលូន នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ទោះបី មានការអនុវត្តនូវវិធានការចត្តាឡីស័ក ដាច់ឲ្យនៅដោយឡែក១៤ថ្ងៃ ក៏ដោយ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរ រួមទាំងស្ថានភាពសេដ្ឋកិច្ច ជាពិសេសការធ្វើចរាចរណ៍ដោយរលូននៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ទោះបីជាមានការអនុវត្តនូវវិធានការចត្តាឡីស័ក ដែលដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ចំពោះបញ្ជាការនាវិកបរទេសដែលចូលមកកម្ពុជា និងចំពោះការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោកជាមួយប្រទេសវៀតណាម ដើម្បីបញ្ចៀសការចម្លងនៃជំងឺនេះ តម្រូវឲ្យមានការផ្លាស់ប្តូរអ្នកបើកបររថយន្តដឹកទំនិញនៅតំបន់ស។» 

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី សាធារណការ ក៏បានស្នើឲ្យ ទូតអាមេរិក ប្រចាំកម្ពុជា ពិចារណាក្នុងការជួយគាំទ្រដល់ក្រសួងទៅលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាពដល់មន្ត្រីជំនាញនៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវវគ្គបណ្តុះបណ្តាលឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង ឡូសអេនជឺឡេស (Los Angeles) ជាដើម។

ជាការឆ្លើយតប ទូតអាមេរិក បានធ្វើការកត់សម្គាល់ និងទទួលយកទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។ជាងនេះទៅទៀត ទូតអាមេរិក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និងបានជម្រាបសួរអំពីស្ថានភាព ទូទៅនៅកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ក្នុងជំនួបនេះដែរ លោក Patrick Murphy បានគូសបញ្ជាក់អំពីខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខែនីមួយៗនៃឆ្នាំនេះនឹងផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដូចជាខែមេសា និងឧសភា គឺជាខែសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ រីឯខែកញ្ញា ត្រូវផ្តោតលើប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មកកាន់ កម្ពុជាជាដើម។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានកោតសរសើរ ចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ