​ភ្នំពេញ​៖​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ នៅ​ហ្សឺ​ណែវ​ ចាត់​ទុក​ការ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោកស្រី​ Rhona​ Smith​ លើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ ក្នុង​ភាព​អាសន្ន​ គឺ​មិន​ត្រឹមត្រូវ​ លំអៀង​ និង​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​ ជា​ពិសេស​មាន​លក្ខណៈ​បំភ័ន្ត​ ជាមួយនឹង​មូលដ្ឋាន​នយោបាយ​ ។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​១៧​ មេ​សា​ បាន​ឲ្យ​ដឹង​ថា​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ មានការ​សោកស្តាយ​ចំពោះ​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស​ ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០​ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។​

ដោយសារ​ទស្សនៈ​លើក​ទ្បើ​ង​ របស់​លោកស្រី​មាន​ភាព​លម្អៀង​ និង​បំភ័ន្ត​ ជាមួយនឹង​មូលដ្ឋាន​នយោបាយ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ កម្ពុជា​គ្មាន​ជម្រើស​អ្វី​ ក្រៅពី​ការ​ចំណាយពេល​បន្តិច​ ដើម្បី​ផ្តល់​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់​ និង​ការ​ពិត​ ដូច​តទៅ​៖

១.​ការ​អះអាង​របស់​លោកស្រី​ដែល​ថា​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ធ្វើ​

​ឱ្យ​គ្រោះថ្នាក់​ដល់​សិទ្ធិ​មនុស្ស​ គឺជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ និង​បង្ហាញ​ពី​ការ​អនុវត្ត​នូវ​សិទ្ធិ​មនុស្ស​ ដោយ​រើសមុខ​និង​លម្អៀង​។​ ការ​ពិត​គឺថា​ ច្បាប់​នេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ និង​ស្រប​តាម​ដោយ​លិខិតុបករណ៍​ សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​ មាន​ដូច​ជា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​(​មាត្រា​២២​ថ្មី​ មាត្រា​៣១​ មាត្រា​៨៦​ និង​មាត្រា​១០២​ថ្មី​)​ សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស​ (​មាត្រា​២៩)​ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​ សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​ (​មាត្រា​៤)​។​ល​។​

២.​នៅ​ពេល​ដែល​មាន​ ការ​រីក​រាលដាល​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ កាន់តែ​ខ្លាំង​ទ្បើ​ង​និង​ឆាប់រហ័ស​ ថ្នាក់​

​ដឹកនាំ​នៃ​ប្រទេស​ យ៉ាង​ហោច​ណាស់​ចំនួន​៧០​ នៅ​ទូ​ទាំង​ពិភពលោក​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ និង​វិធានការ​បិទ​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​ តាម​រយៈ​ការ​ដាក់​កម្រិត​ជា​បណ្តោះអាសន្ន​ ទៅ​លើ​សេរីភាព​នៃ​ការ​បំ​លាស់​ទី​ ការ​ជួបជុំ​ និង​សិទ្ធិ​ឯកជន​។​ ហេតុ​ដូច្នេះ​ វា​មិន​យុត្តិធម៌​ទាល់តែ​សោះ​ក្នុង​ការ​រិះគន់​កម្ពុជា​ ចំពោះ​ការ​រៀបចំ​អោយ​មាន​ ច្បាប់​មួយ​នេះ​ឡើង​។​

៣.​ប្រទេស​កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​សិទ្ធិ​រស់រាន​មានជីវិត​ និង​សុខភាព​ ដោយ​ផ្អែក​លើ​ សមត្ថភាព​ជាតិ​។​ ក្នុង​ស្មារតី​សាមគ្គីភាព​ និង​មនុស្សធម៌​ជា​អន្តរជាតិ​ ប្រទេស​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ នាវា​ទេសចរណ៍​ Westerdam​ ផ្ទុក​អ្នកដំណើរ​ជាង​ ២.២០០​ នាក់​ បាន​ចូល​ចត​។​ លើស​ពី​នេះ​ ប្រទេស​កម្ពុជា​បាន​ផ្តល់​ការ​ ព្យាបាល​ដោយ​មិន​គិតថ្លៃ​ ជូន​ទាំង​ជនជាតិ​ខ្មែរ​ និង​បរទេស​ដែល​ឆ្លង​វីរុស​កូ​វី​ដ​១៩​។​ តួលេខ​នៃ​អ្នក​ព្យាបាល​សះស្បើយ​សរុប​ចំនួន​ ៩៨​នាក់​ ក្នុង​ចំណោម​អ្នកមាន​វីរុស​កូ​វី​ដ​១៩​ ចំនួន​១២២​នាក់​ (​ស្មើនឹង​៨០,៣៣%​ គិត​ត្រឹម​ថ្ងៃនេះ​)​ ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ និង​សមត្ថភាព​នៃ​សេវា​សុខាភិបាល​ សាធារណៈ​របស់​កម្ពុជា​។​ ជា​ការ​គួរ​អោយ​សោកស្តាយ​ អ្នករាយការណ៍​ពិសេស​ និង​សហការី​របស់​លោកស្រី​ពុំដែល​បាន​ លើក​សរសើរ​កម្ពុជា​ជា​ សាធារណៈ​ម្តងណា​ឡើយ​ ចំពោះ​កាយវិការ​ប្រកបដោយ​មេត្តាធម៌​នេះ​ និង​ប្រសិទ្ធភាព​ការងារ​ នៃ​សេវា​សុខាភិបាល​កម្ពុជា​ ដែល​សំដៅ​ធានា​សិទ្ធិ​រស់រាន​ និង​មានជីវិត​របស់​មនុស្ស​គ្រប់​រូប​។​ នេះ​គ្រាន់តែ​ជា​ករណី​មួយ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ករណី​ជា​ច្រើន​ ដែល​អ្នករាយការណ៍​ពិសេស​ និង​សហការី​លោកស្រី​ មិន​បាន​រាយការណ៍​ឱ្យ​បាន​ពេញលេញ​ អំពី​សមិទ្ធផល​របស់​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​។​

៤.​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គណនេយ្យ​ភាព​ សមាមាត្រ​ភាព​ ភាព​ចាំបាច់​ និង​ពុំ​មានការ​រើសអើង​។​ សិទ្ធិ​អំណាច​ដែល​ប្រគល់​ជូន​ រដ្ឋាភិបាល​ក្នុង​ពេល​មាន​អាសន្ន​ គឺ​មិនមែន​គ្មាន​ដែន​កំណត់​នោះ​ឡើយ​។​ មាត្រា​៨៦​ និង​មាត្រា​១០២​ ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ បាន​ចែង​ពី​យន្តការ​ត្រួតពិនិត្យ​ ដោយ​សភា​ពីរ​ថ្នាក់​របស់​ប្រទេស​កម្ពុជា​។​ លើស​ពី​នេះ​ទៀត​ មន្ត្រី​អនុវត្ត​ច្បាប់​រូប​ណា​ដែល​ ប្រព្រឹត្ត​តាម​ទំនើងចិត្ត​ និង​បំពាន​ច្បាប់​នេះ​ ត្រូវ​ទទួលទោស​នៅ​ចំពោះ​មុខ​តុលាការ​។​

៥.​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​ នឹង​ត្រូវ​យក​មក​អនុវត្ត​តែ​ក្នុង​ស្ថានភាព​ ដែល​ត្រូវការ​វិធានការ​បន្ថែម​ និង​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​ កិច្ច​ការពារ​និង​ថែរក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ក្នុង​គោលបំណង​ការពារ​អាយុជីវិត​ សុខភាព​សាធារណៈ​ ផលប្រយោជន៍​សាធារណៈ​ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​ លើស​ពី​នេះ​ទៀត​ ស្ថានភាព​អាសន្ន​ គឺ​នឹង​ត្រូវ​ប្រកាស​តែ​ក្នុង​ រយៈពេល​ជាក់លាក់​មួយ​ សម្រាប់​ការ​អនុវត្ត​ទូ​ទាំង​ប្រទេស​ ឬ​ក្នុង​វិសាលភាព​ភូមិសាស្ត្រ​ខ្លះ​ ដែល​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ និង​មិន​អាច​គ្រប់គ្រង​បាន​ ។​

៦.ច្បាប់​ត្រូវ​ចែង​អំពី​ការ​ដាក់​ទោសទណ្ឌ​ ចំពោះ​ការ​មិន​អនុវត្ត​តាម​ ប្រសិនបើ​យើង​ចង់​ធានា​ឱ្យ​មាន​ ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​ ការ​សម្រេច​និង​កម្រិត​នៃ​ការ​ដាក់​ពិន័យ​ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ដោយ​ពិចារណា​លើ​ស្ថាន​ទម្ងន់ទោស​ មិនមែន​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ទេ​។​ នៅ​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ស្មើភាព​គ្នា​ ចំពោះ​មុខ​ច្បាប់​ ដោយ​ពុំ​ប្រកាន់​និន្នាការ​នយោបាយ​ មុខងារ​ ឬ​ឋានៈ​សង្គម​ ដូច​មាន​ចែង​ក្នុង​មាត្រា​៣១​ នៃ​រដ្ឋធម្មនុញ្ញ​ ។​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ ប្រទេស​អាស៊ី​និង​អ៊ឺ​រ៉ុ​ប​នានា​ ច្បាប់​ស្តី​ពី​ ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន​របស់​កម្ពុជា​ មាន​ភាព​ធូរស្រាល​ជាង​ ពាក់ព័ន្ធ​នឹង​សិទ្ធិ​អំណាច​និង​ទោសទណ្ឌ​។​

ស្ថាន​បេស​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ សូម​ទទូច​ឱ្យ​អ្នករាយការណ៍​ពិសេស​ គោរព​តាម​គោលបំណង​ និង​គោលការណ៍​នានា​ របស់​អង្គការសហប្រជាជាតិ​ និង​បំពេញភារកិច្ច​របស់​ លោកស្រី​ដោយ​មិន​លម្អៀង​ និង​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​ និង​ សេចក្តីណែនាំ​សម្រាប់​ប្រតិបត្តិការ​ របស់​នីតិវិធី​ពិសេស​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​។​

ហេតុ​ដូច្នេះ​ អ្នករាយការណ៍​ពិសេស​ ដែល​មិនមែន​ជា​បុគ្គលិក​ អង្គការសហប្រជាជាតិ​ ប៉ុន្តែ​បម្រើ​ការ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន​ គួរតែ​ចៀសវាង​ ធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ណាមួយ​ ដែល​អាច​ធ្វើ​អោយ​មតិ​សាធារណៈ​ភ័ន្ត​ច្រ​លំ​ ដែល​មាន​លក្ខណ​វិនិច្ឆ័យ​ និង​ដែល​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​សកម្មភាព​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ របស់​រដ្ឋ​អធិបតេយ្យ​មួយ​ ៕

ដោយ​  ៖​  E​ B​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ