ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ទទួលបានទេសចរជាតិដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ និងទេសចរបរទេសប្រមាណ ១១ ម៉ឺននាក់។នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ដែលចេញនៅថ្ងៃទី ១៧ខែមេសា ឆ្នាំ២០២៤។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៤ ដែលមានរយៈពេល ០៤ ថ្ងៃ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៣ ដែលមានរយៈពេលត្រឹមតែ ០៣ ថ្ងៃ មានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។


របាយការណ៍របស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញរាជធានីខេត្តចំនួន ៥ ដែលទទួលបានទេសចរច្រើនជាងគេរួមមាន÷ ១. កំពង់ចាម ២. ព្រៃវែង ៣. កំពង់ស្ពឺ៤. បាត់ដំបង៥. កំពត។

ការទទួលបានភ្ញៀវទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មកពីការរៀបចំ កម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ។ ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវនិងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាត ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ