អង់គ្លេស ៖ ការស៊ុតបញ្ចូលទីម្នាក់ ១គ្រាប់ពីសំណាក់ Edinson Cavani និង Anthony Martial ចុងម៉ោងជួយឲ្យ ក្រុមបិសាចក្រហម Manchester United បំបាក់ម្ចាស់ផ្ទះ Everton ២-០ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup (Carabao Cup)។

ខ្សែប្រយុទ្ធ Edinson Cavani ដែលចូលរួមជាមួយ Man Utd រដូវកាលនេះ រកគ្រាប់បើកឆាកនៅនាទី៨៨ ពីការបញ្ជូនរបស់ Anthony Martial។ នេះជាគ្រាប់ទី៤ របស់កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយក្នុងក្លិបបិសាចក្រហម និងជាគ្រាប់ទី២ ផងដែរទៅលើក្រុមស្ករគ្រាប់ Everton។

យ៉ាងណាមិញ កីឡាករបារាំង Martial ធ្វើបានសម្រេចគ្រាប់បាល់ខ្លួនឯង ១គ្រាប់ផងដែរនៅនាទី៩០+៦ ក្រោយទទួលបានពី Marcus Rashford ក្នុងកីឡដ្ឋាន Goodison Park នារាត្រីថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ដែលមានអ្នកទស្សនាក្នុងទីលានផ្ទាល់ប្រមាណ ២០០០នាក់។

គួរបញ្ជាក់ផងដែរថា តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានធ្វើឲ្យ Man Utd ឡើងទៅវគ្គ ៤ក្រុមចុងក្រោយនៃ League Cup ជាលើកទី១៦ ឈរនៅលំដាប់លេខ២ បន្ទាប់ពី Liverpool ដែលធ្វើបាន ១៧ដងជាប្រវត្តិសាស្ត្រ។ Manchester United ត្រូវប៉ះក្រុមការពារតំណែងជើងឯក Manchester City គ្រាដែល Tottenham Hotspur ជួប Brentford ដែលនឹងធ្វើឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ខាងមុខ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ