ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ជាពិសេស ផ្ដោតសំខាន់លើការកសាងភាពធន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាជាតិគាំពារសង្គម។

ក្នុងពិធីបើក «ទិវាសប្ដាហ៍គាំពារសង្គម» នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានរំលឹកថា តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ និងក្រោមការដឹកនាំរបស់ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ, ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោក បន្ដថា មិនតែប៉ុណ្ណោះ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយអាចគ្រប់គ្រងបានយ៉ាងល្អនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញយន្តការគ្រប់គ្រងច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព។

លោក ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែមិនបានបន្ទុចបង្អាក់ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិនេះថែមទាំងបានជំរុញឲ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេស គឺការផ្តោតសំខាន់លើការកសាងភាពធន់ ដើម្បីឆ្លើយតបនឹងវិបត្តិនានា»។

លោក បន្ថែមថា ជាក់ស្តែង គោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បានកំណត់យ៉ាងច្បាស់នៅក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ