ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិ។

ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង « បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ » ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូន នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍនូវ គំនិតផ្ដួចផ្ដើមជាច្រើនបន្ថែមទៀត ដែលផ្សារភ្ជាប់នូវអរិយធម៌ព្រះពុទ្ធសាសនានៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការអប់រំការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធដើម្បីឱ្យស្ថាប័ន-សិក្សា ធនាគារគំនិត (think tanks) វិទ្យាស្ថានពុទ្ធ សាសនិក ឬ សកលវិទ្យាល័យ អាចបញ្ចូលតម្លៃទាំង នេះទៅក្នុងកម្មវិធីអប់រំ និង ស្រាវជ្រាវ ។

សម្ដេចតេជោ បន្ដថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងតំបន់ទន្លេមេគង្គ និងលើពិភព លោកដើម្បីបណ្តុះតម្លៃ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលនាំទៅរកយុត្តិធម៌ សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ការអត់ឱន និងការរួមរស់ប្រកបដោយសន្តិសហវិជ្ជមាននៃមនុស្សជាតិ។

សម្ដេច គូសបញ្ជាក់ថា «ឈរលើការប្តេជ្ញានៅក្នុងមហាសន្និបាតលើកទី៦ របស់អង្គការពុទ្ធសាសនិកពិភពលោក ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៦១ ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ, ខ្ញុំ សូមអំពាវនាវដល់សហគមន៍ពុទ្ធសាសនិកពិភពលោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដើម្បីបញ្ចប់សង្គ្រាម ការស្អប់ខ្ពើម អំពើហឹង្សា និង អំពើផ្សេងៗដែលបំផ្លាញមនុស្សជាតិយើង»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ