ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ និងជាទម្រង់ឌីជីថល មានចំនួនសរុប ៤៤,៦៩៧ពាក្យ ក្នុងនោះ ការដាក់ជាមេពាក្យ ចំនួន ៣១,០៧៣ពាក្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការ ក្រោមអធិបតីភាពលោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រី ប្រចាំការរដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី។

គួរបញ្ជាក់ថា ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេល ៥ឆ្នាំ និងមានសមាសភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តសាស្ដ្រ សេដ្ឋកិច្ច ជាដើម។

សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ភជាសៀវភៅ និងជាទម្រង់ឌីជីថល នាពេលនេះ គឺជាសក្ខីភាព និងសមិទ្ធផលថ្មីជាប្រវត្តិសាស្ដ្រមួយ ដែលពិតជាបានចូលរួមចំណែក ដ៏សម្បើមនៅក្នុងអក្សរសាស្រ្ដខ្មែរ និងសង្គមជាតិខ្មែរ នាសម័យកាលដ៏រីកចម្រើន និងប្រកបដោយសុខសន្ដិភាព។

ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ពិតជាបានផ្ដល់ឱកាសឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា អាចចងក្រងរៀបចំវចនានុក្រមខ្មែរថ្មី ដែលមានពាក្យសរុបចំនួន ៤៤,៦៩៧ពាក្យ និងមានមេពាក្យ ចំនួន ៣១,០៧៣ពាក្យ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ