ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ក្រសួងបានឱ្យដឹងថា យោងតាមការព្យាករសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបខាងលើ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។
ក្នុងនោះ តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។តំបន់មាត់សមុទ្រ ៖ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំ ជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។
ក្រសួងបន្តថា សូមអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទសមុទ្រនិងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕