អ៊ីតាលី៖ អតីតសម្តេចប៉ាប Benedict ទី១៦ ត្រូវបានកំណត់ពេលរៀបចំពិធីបុណ្យព្រះសពរបស់ព្រះអ ង្គនៅថ្ងៃព្រហស្បតិ៍នេះ។ សម្តេចប៉ាប Benedict ទី១៦ បានសោយទិវង្គតនៅបុរីវ៉ាទីកង់កាលពីថ្ងៃទី៣ ១ ខែធ្នូ ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៩៥ព្រះវស្សា។ ព្រះសពរបស់សម្តេចប៉ាប Benedict ទី១៦ ត្រូវបានផ្ទេរទៅកាន់ព្រះវិហារ St. Peter's Basilica កាលពីថ្ងៃចន្ទ ជាកន្លែងដែលត្រូវដាក់តម្កល់រហូតដល់ថ្ងៃទី៤ ខែមករា។

មនុស្សរាប់សែននាក់បានចូលមកមើល និងគោរពវិញ្ញាណក្ខន្ធ ដែលព្រះវិហារបានបើករហូតដល់ម៉ោង ៧យប់ថ្ងៃពុធ។ ការសោយទិវង្គតរបស់សម្តេចប៉ាប Benedict ទី១៦ កើតឡើងបន្ទាប់ពី ១០ឆ្នាំ បន្ទាប់ពីការចូលនិវត្តន៍ពីតំណែងក្នុងសាសនាកាតូលិក ក្នុងអំឡុងពេលដែលព្រះអង្គគង់នៅទីអារ៉ាម Mater Ecclesiae នៅបុរីវ៉ាទីកង់។ សម្តេចប៉ាប Benedict ដែលបានលាលែងពីតំណែង ជាសម្តេចប៉ាបដំបូងគេក្នុងរយៈពេល ៦០០ឆ្នាំមកនេះដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានបន្ទូលថា ព្រះអង្គត្រូវតែទទួលស្គាល់ «អសមត្ថភាពរបស់ព្រះអង្គចំពោះការបំពេញភារកិច្ចឱ្យបានគ្រប់គ្រាន់»។

សម្តេចប៉ាប Benedict ត្រូវបានដាក់ចូលនៅក្នុងព្រះមឈូសសារប្រពៃណី ហើយបន្ទាប់មកដង្ហែទៅទីលាន St. Peter's Square។ សម្តេចប៉ាប Francis បានយាងជាអធិបតីក្នុងពិធីបុណ្យព្រះសពសម្តេចប៉ាប Benedict ទី១៦។ ការផ្សាយបន្តផ្ទាល់នៃពិធីបុណ្យព្រះសពបានបង្ហោះនៅលើបណ្តាញ Youtube របស់បុរីវ៉ាទីកង់។ 

មនុស្សជាង ៦០,០០០នាក់ត្រូវបានគេរំពឹងថាចូលរួមពិធីបុណ្យព្រះសពនេះ។ គណៈប្រតិភូដែលតំណាងឱ្យប្រទេសអាល្លឺម៉ង់ជាប្រទេសកំណើតរបស់សម្តេចប៉ាប Benedict និងប្រទេសអ៊ីតាលីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យព្រះសព ខណៈមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde របស់ប្រទេសបែលហ្សិកបានបញ្ជាក់ថា ព្រះអង្គនឹងចូលរួមក្នុងពិធីនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ