តៃវ៉ាន់ សម្រេចបិទសាលារៀន លុបចោលជើងហោះហើរ ខណៈកោះនេះ នឹងជួបព្យុះទីហ្វុង Koinu
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើនជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។
ព្យុះទីហ្វុង Koinu ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បក់ខ្លាំង និងធ្វើឱ្យមានរលកទឹកសមុទ្រឡើងដល់កម្ពស់ ៧ម៉ែត្រ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ ដោយមានពីការព្រមាននេះ អាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តបិទសាលារៀន និងការិយាល័យ ក្នុងតំបន់ Pingtung និង Taitun រួមទាំងកោះ Penghu និង Green Island ជាបណ្ដោះអាសន្ន។
ព្យុះទីហ្វុង Koinu ត្រូវបានព្យាករថា នឹងបក់បោកទៅដល់ដីគោកនៃភាគខាងត្បូងកោះតៃវ៉ាន់ ស្របពេល ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង និងជើងហោះហើរក្នុងស្រុកនៅទូទាំងតំបន់ឆ្នេរភាគខាងត្បូងត្រូវបានលុបចោល។ ព្យុះទីហ្វុងនេះកំពុងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីតំបន់ឆ្នេរភាគខាងត្បូងបំផុតនៃកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចឡើងដល់អតិបរមា ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង៕