ខេត្តសៀមរាប៖ ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយផេកផ្លូវការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។

ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ 

ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។

សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ