សម្ដេច ស ខេង ណែនាំអាជ្ញាធរយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តពោធិអណ្តែត (ហៅវត្តទួលតាណាល) ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង សម្តេច ស ខេង ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់អជ្ញាធរដែនដី កងម្លាំងប្រដាប់អាវុធគ្រប់លំដាប់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដល់ការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា នៅមូលដ្ឋាន។
សម្ដេច បន្ដថា ពិសេស ចូលរួមទប់ស្ដាត់នូវសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។
សម្ដេច ស ខេង មានប្រសាសន៍ថា «អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្ត ទុកដាក់ដល់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារនានាដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពី អាជ្ញាធរមូលដ្ឋាន គឺត្រូវតែអនុវត្ត និងផ្ដល់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់»៕EB