សម្ដេច ស ខេង ៖ រាជរដ្ឋាភិបាល ប្រឆាំងការរើសអើង និងប្រឆាំងការបែងចែក ក្នុងចំណោមពលរដ្ឋកាន់សាសនាខុសគ្នា
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង និងប្រឆាំងការបែងចែក ក្នុងចំណោមប្រជាពលរដ្ឋ កាន់សាសនាខុសគ្នា។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តពោធិអណ្តែត (ហៅវត្តទួលតាណាល) ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងពីសមិទ្ធផលទាំងអស់ ប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
សម្ដេច បន្ដថា ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សេរីភាពសម្រាប់ជំនឿសាសនាត្រូវលុបបំបាត់ចោលទាំងស្រុង។ សម្ដេច ថា រយៈពេលជាង ៤០ឆ្នាំ កន្លង មកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា បំរើឲ្យសាសនិកនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះ មានភាពរីកចម្រើនគួរជាទីមោទនៈ។ ភាពរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា កើតឡើងដោយសារ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រលើសាសនា និងដោយសារជំនឿរបស់ប្រជាពលរដ្ឋ។
សម្ដេច ស ខេង បញ្ជាក់ថា «រាជរដ្ឋភិបាល ក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើងប្រឆាំងការបែងចែកក្នុង ចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ អោយក្លាយជា កម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម»៕EB