រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការដាក់ចេញយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គឺដើម្បីផ្តល់សុវត្ថិភាព និងសិទ្ធិទទួលបានព័ត៌មានពិតសម្រាប់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព និងព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។
ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសឯកឧត្តម ដឹកនាំសន្និសីទសារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងថា «ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព ជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាព សម្រាប់ប្រជាជនរាប់លាននាក់របស់កម្ពុជាយើង»។
ត្រង់ចំណុចនេះ ត្រូវបាន លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅចំពោះមុខក្រសួងព័ត៌មាន បានរៀបចំនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺដើម្បីផ្តល់នូវសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងទទួលបានព័ត៌មានពិត ត្រឹមត្រូវ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ជនណា បុគ្គលណាដែលបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕