សម្ដេច ស ខេង អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិអណ្តែត ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង
ព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិអណ្តែត (ហៅវត្តទួលតាណាល) ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ លោក ចេម ប្រា អភិបាលស្រុកពារាំង បានជម្រាបជូនពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងស្រុក ក្នុងនោះវិស័យពុទ្ធសាសនា ក៏មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ដោយ ទូទាំងស្រុកមានវត្ត សរុបចំនួន ៥៩វត្ត ព្រះភិក្ខុ ១៣៥អង្គ សាមណេ ២៥៥អង្គ អាចារ្យ ២៤៤នាក់ គណៈកម្មការវត្ត ៥៧៩នាក់ និងមានព្រះវិហាខ្មែរឥស្លាម២កន្លែង ដែលមានគណៈកម្មការ ចំនួន ០៩នាក់ ។
លោក អភិបាលស្រុក បន្ដថា ដោយឡែកព្រះវិហារថ្មី និងសមិទ្ធផលនានានៅវត្តពោធិអណ្តែត ដែលជាសមិទ្ធផលសង្គមដ៏ថ្លៃថ្លា លើកតម្កើងដល់វិស័យព្រះពុទ្ធសាសនាដ៏ឧត្ដុង្គឧត្តមនៃយើង បានចំណាយថវិកាសរុបចំនួន ៥២១,១៥៣ ដុល្លារ៕