ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមន្ដ្រីចូលនិវត្តន៍ ដើម្បីផ្ដល់គ្រឿងឥស្សរិយយស និងមេដាយ ជូនពួកគាត់ ទុកជាអនុស្សាវរីយ៍ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានណែនាំមន្ដ្រីក្រោមឱវាទ ធ្វើពិធីជួបជុំមន្ដ្រីចូលរួមនិវត្តន៍ ដើម្បីជាការដឹងគុណជូនពួកគាត់ ព្រោះពួកគាត់មានស្នាដៃច្រើន ក្នុងការបម្រើប្រទេសជាតិ។


សម្ដេច បានថ្លែងថា «អ្នកណាអត់ទាន់បានគ្រឿងឥស្សរិយយស អត់ទាន់បានមេដាយ ការពារជាតិ បំពេញការងារ ដែលមានស្នាដៃល្អ គួរតែគិតដែរ ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួន និងក្រុមគ្រួសារគាត់ យើងសុំរាជរដ្ឋាភិបាល នូវមន្ដ្រីមានស្នាដៃ ដើម្បីបំពាក់ជូន»។

សម្ដេច បន្ដថា រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យដល់គ្រឿងឥស្សរិយយស និងមេដាយ ខណៈ សម្ដេច ណែនាំឱ្យស្រង់ឈ្មោះ មន្ដ្រីចូលនិវត្តន៍ ដើម្បីផ្ដល់គ្រឿងឥស្សរិយយស និងមេដាយ ជូនពួកគាត់។ ជាមួយគ្នានេះ សម្ដេច បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន ហើយក៏ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ 

សម្ដេច សង្កេតឃើញថា ជាក់ស្តែងការបង្រ្កាបបទល្មើសនៅខេត្តបាត់ដំបង មានការថយចុះ ហើយការបង្ក្រាបក៏ទទួលបានលទ្ធផលខ្ពស់។ ចំពោះការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្ដេច មើលឃើញថា មានឃុំជាច្រើនបានទទួលចំណាត់ថ្នាក់លេខ១ លេខ ២ លេខ៣ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ