ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មត្រៀមចុះបញ្ជីម៉ាកសមូហភាព និងចងក្រងរូបមន្តនំបញ្ចុកសៀមរាប នឹងអាចទាក់ទាញភ្ញៀវទេសចរមកទទួលទានកាន់តែច្រើន និងលើកកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជា នៅលើទីផ្សារជាតិនិងអន្តរជាតិ។

នំបញ្ចុកសៀមរាប ដែលផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រូវបានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញា ចងក្រងរូបមន្ត និងរៀបចំចុះបញ្ជីម៉ាកសមូហភាពនៃកម្មសិទ្ធិបញ្ញា ស្របពេលដែលកម្ពុជាកំពុងតែជំរុញឱ្យមានការវិចខ្ចប់នំបញ្ចុកក្រៀមសម្រាប់ការនាំចេញក្រៅស្រុកផងដែរ។


លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសមូហភាពនំបញ្ចុកសៀមរាបនេះ គឺដើម្បីចងក្រង សៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិត ព្រោះកន្លងមកពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងផលិតនំបញ្ចុកតាមទម្លាប់ពីបុរាណ ដោយពុំមានការចងក្រងរូបមន្តទុកឡើយ ជាពិសេស អ្នកផលិត និងក្រុមអាជីវករ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាដើម្បីចងក្រងរូបមន្តទុក និងព្រមទាំងទុកសម្រាប់ការប្រើប្រាស់តទៅជំនាន់ក្រោយទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជាជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្រសួងពាណិជ្ជកម្មគ្រោងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយចំនួន រួមមាន អំបិលកំពតកែប, បង្កងតាកែវ និងទឹកត្រីកំពតនិងកែប។ ក្រៅពីនេះ ក៏មានការចុះម៉ាកសមូហភាពអំបុកកំពង់ធំ, នំបញ្ចុកសៀមរាប, ក្រូចថ្លុងកោះពីរ និងដូងខ្ទះបាត់ដំបង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ