ភ្នំពេញ ៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី បានប្រកាសជាផ្លូវការ កម្មវិធីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ មរតកគុនខ្មែរ NNP លើកទី១ នឹងធ្វើនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ នៅសង្វៀនថោន ហើយវគ្គផ្ដាច់ព្រ័ត្រគ្រោងធ្វើ នៅខែមិថុនា ដោយមានរង្វាន់មាសសុទ្ធ ២តម្លឹង និងលុយសុទ្ធ ៤០លានរៀល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ទ្រី ដាណា បានឲ្យដឹងថា ខ្សែក្រវ៉ាត់ ដែលដាក់ឲ្យប្រកួតដណ្តើមក្នុងកម្មវិធី មរតកគុនខ្មែរ NNP មានរចនាបថបញ្ជាក់ពីអត្តសញ្ញាណមួយផ្នែកនៃវប្បធម៌របស់ខ្មែរ ដូចខាងក្រោម៖


ទី១៖ ខាងលើកំពូលខ្សែរមានរូបរាហ៊ូចាប់ច័ន្ទ ដកស្រង់ចេញពីចម្លាក់ក្លោងទ្វារប្រាសាទបន្ទាយស្រី ដែលតំណាងអោយសេចក្តីស្រលាញ់ដូចបងនិងប្អូនបង្កើត មិនថាខាងណាឈ្នះ ខាងណាចាញ់ ក៏នៅតែមានចិត្តគោរពគ្នាទៅវិញទៅមក គ្មានចិត្តច្រណែន គ្មានចិត្តគុំកួនគ្នា មានតែពាក្យថាស្រលាញ់ជានិច្ចក្នុងទឹកចិត្តជាកីឡាករ។  


ទី២៖ រូបចម្លាក់មនុស្ស២នាក់ប្រកួតគ្នាដែលដកស្រង់ចេញពីប្រាសាទតាព្រហ្ម បញ្ជាក់ពីអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គួរឲ្យតម្លៃ និងរួមគ្នាអភិរក្សបន្តទៀត ដើម្បីឱ្យកាន់តែល្បីសុះសាយជាសកល។ 

 

ទី៣៖ រូបចម្លាក់ក្បាច់ដ៏វិចិត្រ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី ជាចម្លាក់យ៉ាងលម្អិតឆ្មារស់រវើកជាងគេ ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍ ឈ្មោះដើមប្រាសាទបន្ទាយស្រី ហៅថា (ឥសូរបុរៈ ប្រែថា បុរីនៃឥសូរ) សម័យក្រោយមកគេហៅថា ប្រាសាទបន្ទាយស្រី ដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត (រចនាបទទី២ចងក្រងឡើងក្នុងអត្ថន័យលើកកំពស់ការគោរពស្រលាញ់ស្រ្តីនៅលើពិភពលោក)។


ទី៤៖ ពាក្យ មរតក គុនខ្មែរ ជាភាសាអង់គ្លេស ដើម្បីឱ្យបរទេសបានស្គាល់ពាក្យគុនខ្មែរ ហើយស្រាវជ្រាវបន្ថែម និងចង់បង្ហាញថា គុនខ្មែរ បានបន្សល់ទុកពីដូនតារាប់ពាន់ឆ្នាំមកហើយ ជាមរតក ដែលត្រូវរួមគ្នាការពារ និងលើកតម្កើងជានិច្ច។  

សូមបញ្ជាក់ថា ក្រៅពីការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ខាងលើ ក៏មានគូរប្រកួតមិត្តភាពអន្តរជាតិ ដើម្បីបង្ហាញជូនបងប្អូនទស្សនាដោយសេរីផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ