ភ្នំពេញ ៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាឆ្នាំ២០២៣ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី១ ខែមិថុនា ២០២៣ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ បានបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ផ្តល់ឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ២លានដុល្លារពីសប្បុរសជនជាង ២២ម៉ឺននាក់។


លោកបណ្ឌិតបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាឆ្នាំ២០២៣ ជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងចំណោមយុទ្ធនាការនានា របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសារធារណជន, ក្រសួង-ស្ថាប័នរដ្ឋ, គ្រឹះស្ថានឯកជន, សារព័ត៌មានជាតិ-អន្តរជាតិ, បុគ្គលមានប្រជាប្រិយជាច្រើន។ មិនត្រឹមតែបានចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ប៉ុណ្ណោះទេ, ពួកគាត់ថែមទាំងបានចូលរួមផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយទៀតផង។


លោកក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាសប្បុរសជន សូមបន្តចូលរួមជាមួយមូលនិធិគន្ធបប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ទោះបីជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ ព្រោះការពិនិត្យ និងព្យាបាលកុមារនៅមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្ត ដែលមានន័យថា មន្ទីរពេទ្យគន្ធបុប្ផា នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬ ៤០លានដុល្លារ អាមេរិក ក្នុង១ឆ្នាំ ដើម្បីបន្តប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ