ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា បើនាំគ្នាគិតតែផលិតតែស្រាបៀរ បន្ដិចទៀតកូនចៅរបស់ប្រជាពលរដ្ឋអាយុ ៣០ឆ្នាំ ទឹកនោមផ្អែមទាំងអស់គ្នាហើយ ខណៈ មន្ទីរពេទ្យកាល់ម៉ែត្រសាងសង់ចំនួន ៣ទៀត ក៏ទប់មិនជាប់ដែរ។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានលើកឡើងបែបនេះនាឱកាសអញ្ជើញធ្វើបាឋកថា ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ៖ ទិដ្ឋភាពភូមិសាស្ត្រ នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានសង្កេតឃើញ ការផលិតស្រានាពេលបច្ចុប្បន្ននេះ មានការច្រើនលើសលប់ ហើយនាំគ្នាមកផលិតទឹកផ្លៃ ជំនួសការផលិតស្រាវិញ។ លោកថា ចំពោះសេដ្ឋកិច្ចទីផ្សារ មិនអាចឃាត់អ្នកផលិតបានឡើយ។

លោកបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា «មួយៗផលិតតែស្រាបៀរតិចទៀតកូនយើងអាយុ ៣០ឆ្នាំ ទឹកនោមផ្អែមទាំងអស់គ្នា អាហ្នឹងយើងត្រូវទទួលស្គាល់ យើងទឹកនោមទាំងអស់គ្នា ហើយកាល់ម៉ែត្រសង់៣ទៀត ក៏ទប់មិនជាប់ដែរ»។

លោកបណ្ឌិតសភាចារ្យ បន្ថែមថា បញ្ហាទាំងនេះ ត្រូវមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវបំផុត។ លោក ជឿជាក់ថា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថ្មី នឹងគិតពិចារណា បញ្ហាផលិតស្រាបៀរនេះ ដូច្នេះ ត្រូវវិធានការដើម្បីទប់ស្កាត់ ការផលិតស្រានាពេលបច្ចុប្បន្ននេះ មានការច្រើនលើសលប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ