ក្រសួងអប់រំ នឹងលុបចោលកម្មវិធីសិក្សាទំនើប ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន នៅតាមសាលាបឋម ចំនួន១៨ មានសិស្ស ចំនួន ៤៣០០នាក់ កំពុងសិក្សារៀនសូត្រ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងលុបចោលនូវការអនុវត្ត “កម្មវិធីសិក្សាទំនើប» ដែល បានអនុវត្តដោយក្រុមហ៊ុនឯកជននៅតាមសាលាបឋមសិក្សា ចំនួន ១៨ មានសិស្ស ចំនួន ៤ ៣០០ នាក់ កំពុង សិក្សារៀនសូត្រ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងពេលថ្មីៗ នេះមានការ យល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី។ ក្រសួង សូមបញ្ជាក់ថា ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន ១៤ កន្លែង នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ។
សាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមាន គុណភាពខ្ពស់។ សាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល។
សាលារៀនជំនាន់ថ្មីបានបំពាក់សម្ភារៈ និងបរិក្ខាររៀន និងបង្រៀនទំនើប និងរៀបចំបណ្ណាល័យសតវត្ស ទី២១ អាហារដ្ឋាន បន្ទប់ពិសោធន៍ ដែលអាចឱ្យគ្រូបង្រៀន និងសិស្សប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេស។
ដោយផ្អែកលើបទពិសោធន៍ជោគជ័យប្រកបដោយផ្លែផ្កា ក្រសួងនឹងអនុវត្តគោលការណ៍ ដូចខាងក្រោម សម្រាប់ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី៖
១. សាលារៀនជំនាន់ថ្មី ដែលមានស្រាប់នឹងបន្តដំណើរ ដោយរាជរដ្ឋាភិបាលផ្តល់ថវិកាបន្ថែម ដើម្បី ជំនួសការបង់វិភាគទានជាកាតព្វកិច្ចរបស់មាតាបិតា ដើម្បីធានាការអប់រំប្រកបដោយសមធម៌។ សាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន និងមាតាបិតា តាមគោលការណ៍ស្ម័គ្រចិត្ត។
២. ក្រសួងនឹងពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីបន្ថែមទៀតតាមលទ្ធភាពថវិកា ដើម្បីផ្តល់ឱកាសដល់ សិស្សក្នុងការទទួលការអប់រំប្រកបដោយគុណភាពខ្ពស់ សមធម៌ និងគ្មានការរើសអើង។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡានឹងលុបចោលនូវការអនុវត្ត “កម្មវិធីសិក្សាទំនើប» ដែល បានអនុវត្តដោយក្រុមហ៊ុនឯកជននៅតាមសាលាបឋមសិក្សា ចំនួន ១៨ មានសិស្ស ចំនួន ៤ ៣០០ នាក់ កំពុង សិក្សារៀនសូត្រ ក្នុងរូបភាពជាកិច្ចសហការរវាងផ្នែកឯកជនជាមួយនឹងសាលារៀនផ្ទាល់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង៕