ភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់អង្គរ អាចបន្តប្រើ WiFi សាធារណៈ ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ចប់ដោយជោគជ័យ។
តាមរយ:គេហទំព័រហ្វេសប៊ុក របស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១៧ មេសា នេះ ថា "ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណ: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ"។
ក្រសួង បន្ដថា សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬ ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។ តំណភ្ជាប់ទីតាំង WiFi សាធារណ: https://mptc.gov.kh/public-wifi។
សូមរំលឹកថា រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស និងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២ ១២០ ៣៧៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ១០៧០០០នាក់៕