សហរដ្ឋអាមរិក មិនឲ្យចិននាំមុខ ក្លាយជាមហាអំណាចបន្ទះឈីប
វ៉ាស៊ីតោន៖ ដោយសារតែបន្ទះឈីប កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើប នាពេលបច្ចុប្បន្ន ទើបធ្វើឲ្យសហរដ្ឋអាមេរិក និង ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ និង ទី២ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង នៅក្នុងវិស័យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The New York Times នៅថ្ងៃទី ០២ មករា ២០២៣។
ចំពេលមានសង្គ្រាមត្រជាក់ នៃការប្រកួតប្រជែងបច្ចេកវិទ្យាជាមួយនឹងចិន នោះ បណ្ដាក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក បានសន្យាផ្ដល់ទឹកប្រាក់ រហូតដល់ជិត២០០ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគបន្ទះឈីប ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមក។
នៅក្នុងអំឡុងខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនឈីបដ៏ធំ Intel បានប្រមូលប្រមូលផ្តុំក្រុមមន្ត្រី នៅលើដែនដីមួយកន្លែង នៅជិតទីក្រុង Columbus រដ្ឋអូហាយ៉ូ (Ohio) ជាកន្លែងដែលក្រុមហ៊ុនយក្សមួយនេះ បានសន្យាថានឹងវិនិយោគយ៉ាងហោចណាស់ មានទំហំទឹកប្រាក់ រហូតដល់២០ពាន់លានដុល្លារ នៅក្នុងរោងចក្រថ្មី ចំនួន២ សម្រាប់ការបង្កើត Semiconductor ។
យ៉ាងណាមិញ នៅក្នុងអំឡុងខែធ្នូ ទើបនឹងកន្លងផុតទៅនេះ ក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Company បានរៀបចំកម្មវិធី shindig នៅទីក្រុង Phoenix ជាកន្លែងដែលក្រុមហ៊ុនមួយនេះ គ្រោងនឹងបង្កើននូវការវិនិយោគរបស់ខ្លួន ចំនួន៣ដង មានទំហំទឹកប្រាក់ កើនដល់ដល់៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក និង សាងសង់រោងចក្រថ្មីទីពីរ សម្រាប់ការបង្កើតបន្ទះឈីបកម្រិតខ្ពស់៕RT