អ៊ុយក្រែន និងរុស្ស៊ី ដោះដូរអ្នកទោស ៥០នាក់
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី និងប្រមុខរដ្ឋបាលប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា ប្រទេសទាំងពីរបានដោះដូរអ្នកទោស ៥០នាក់។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០២ ធ្នូ ២០២២។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលឈរជើងនៅក្នុងតំបន់ដូណេត (Donetsk) ដែលជាតំបន់កាន់កាប់មួយ ផ្នែកដោយអ៊ុយក្រែន បាននិយាយថា ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ នឹងដោះដូរឈ្លើយសឹកសង្គ្រាមឲ្យគ្នាទៅវិញទៅមកចំនួន៥០នាក់។
លោក អេឌ្រី យ៊ែរម៉ាក (Andriy Yermak) ប្រធានរដ្ឋបាល ប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍អំពីការដោះលែង អ្នកការពារអ៊ុយក្រែនចំនួន ៥០នាក់ ហើយបាននិយាយ ថាការដោះដូរអ្នកទោសសង្គ្រាមនឹងបន្ត រហូតទាល់តែប្រជាជន អ៊ុយក្រែនទាំងអស់ត្រូវបានរំដោះឲ្យមានសេរីភាព។
ចំណែកភាគីរុស្ស៊ីវិញនិយាយថាខ្លួននឹងដឹកបញ្ជូនអ្នកទោសដែលត្រូវបានដោះលែងទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិនិត្យសុខភាព និងការស្តារនីតិសម្បទា។ ប្រមុខរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងដែរថា ចំនួនអ្នកទោសសង្គ្រាមអ៊ុយក្រែនខ្លះដែលត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានឃុំទុកនៅក្នុងមជ្ឈមណ្ឌល ឃុំឃាំង អូឡេនីវកា (Olenivka)។
យ៉ាងណាមិញ អ្នកទោសអ៊ុយក្រែនរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន ដោយ ពួកបំបែកខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូនៅក្នុងទីក្រុងអូឡេនីវកាជិតតំបន់ដូណេត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ មួយកាលពីខែកក្កដា៕