ធនាគារអភិវឌ្ឍន៍អាស៊ី បញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិថ្មី សម្រាប់ទស្សវត្សរ៍ខាងមុខ ដើម្បីជួយដល់អាស៊ី និងប៉ាស៊ីហ្វិក
ហ្វីលីពីន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ១០០ពាន់លានដុល្លារ ជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្ត បន្ទាប់គ្នាក្នុងតំបន់។
ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរមូលធនឯកជន និងមូលនិធិក្នុងស្រុកដើម្បីដំឡើងពីចំនួនពាន់លាន (billions) ទៅចំនួនពាន់ពាន់លាន(trillions) ដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
កំណែទម្រង់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធន (Capital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ ADB ដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។ កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច (Countercyclical Lending Buffer) ដើម្បីគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។
សូមបញ្ជាក់ថា វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឲ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់លានដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។ កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុនក្នុងអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តង៕EB