ប្រធានាធិបតីសហរដ្ឋអាមេរិក អះអាងថា សហរដ្ឋអាមេរិកមិនពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូងទេ
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមជាមួយប្រទេសកូរ៉េខាងត្បូងនោះទេ ខណៈភាពតានតឹងកំពុងផ្ទុះឡើងជាមួយប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ០៣ មករា ២០២៣។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាគ្នាអំពីសមយុទ្ធរួម ដែលអាចធ្វើទៅបានដោយប្រើប្រាស់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ខណៈមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចាត់ទុកកូរ៉េខាងត្បូងថាជាសត្រូវដែលពុំមានការសង្ស័យ។
លោក Biden និយាយនៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅសេតវិមានថា «តើលោកនឹងពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមជាមួយកូរ៉េខាងត្បូងដែរឬទេ» លោកបានឆ្លើយថាទេ។ លោកទើបតែត្រលប់មកពីវិស្សមកាលនៅកោះ Virgin សហរដ្ឋអាមេរិក ជាកន្លែងដែលលោកត្រូវបានអមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan។
ការអត្ថាធិប្បាយរបស់លោក Yoon នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការអំពាវនាវរបស់លោកសម្រាប់ «ការត្រៀមសម្រាប់សង្គ្រាម» ជាមួយនឹងសមត្ថភាពដ៏លើសលប់ បន្ទាប់ពីមួយឆ្នាំនៃការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងដ៏ច្រើនបំផុតក្នុងកំណត់ត្រា និងការឈ្លានពានចូលដោយយានដ្រូនរបស់កូរ៉េខាងជើង មកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។