ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅតាម តំបន់រមណីយដ្ឋាននានាប្រមាណ៣ម៉ឺននាក់។

លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា រយៈពេល៥ថ្ងៃនេះ គឺភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅទូទាំងខេត្តកំពង់ចាម សរុបចំនួន ៣៥.៤៣៦នាក់ (ភ្ញៀវទេសចរណ៍បរទេសចំនួន១៤៦នាក់) ក្នុងនោះ រមណីយដ្ឋានក្បាលទឹកឆា មានភ្ញៀវទេសចរណ៍ ចំនួន ២៥.៩៧៩នាក់, កសិទេសចរណ៏ថ្មដាទឹកឆា មានភ្ញៀវចំនួន ៣.២៧១នាក់ រមណីយដ្ឋាន ភ្នំប្រុស ភ្នំស្រី មានភ្ញៀវចំនួន ១.៤៨៥ នាក់ រមណីយដ្ឋាន ភ្នំហាន់ជ័យ មានភ្ញៀវទេសចរណ៍ ចំនួន១.៥១៣ នាក់ រមណីយដ្ឋានឬស្សី មានភ្ញៀវចំនួន ៣៤១នាក់ និងរមណីយដ្ឋាន នគរបាជ័យ មានភ្ញៀវចំនួន ១.១៤៩នាក់ ដោយឡែកចំពោះ អាហារដ្ឋានស្មៅទន្លេ នៅក្រុងកំពង់ចាម មានភ្ញៀវចំនួន ១៦៩៨នាក់។

ក្នុងឱកាសថ្ងៃឈប់សម្រាកសងក្នុងឱកាសបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដឹកនាំកងកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលក្រុង-ស្រុក រៀបចំឲ្យសណ្តាប់ធ្នាប់ របៀបរៀបរយ និងប្រចាំការនៅតាមរមណីយដ្ឋាននានា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ដែលមកកំសាន្តសប្បាយក្នុងឱកាសថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានណែនាំដល់អាជ្ញារធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ពីក្នុងការអប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅគ្រប់មូលដ្ឋាន។ ក្នុងឱកាសថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែ២ករណីប៉ុណ្ណោះ នេះសបញ្ចាក់ថា បងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងបើកបរមានការយោគយល់ និងចេះអធ្យាស្រ័យឲ្យគ្នា។

គួរបញ្ចាក់ផងដែរថា ខេត្តកំពង់ចាម មានរមណីយដ្ឋាន ចំនួន ១២កន្លែង ក្នុងនោះ

       -រមណីយដ្ឋានប្រវត្តិសាស្ត្រ ០៥កន្លែង (នគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ ប្រសាទប្រធាតុទឹកឆា និងភ្នំប្រុស-ភ្នំស្រី)

      -រមណីយដ្ឋានធម្មជាតិ ០៣កន្លែង (បឹងធំ កោះប៉ែន និងទឹកឆា )

      -រមណីយដ្ឋានកែច្នៃ ០៤កន្លែង (ទំនប់តាកុច កសិ-ទេសចរណ៍ថ្មដាទឹកឆា នាគខ្មៅ និងបែមប៊ូរីសត)

        រីឯសណ្ឋាគារ ផ្ទះសំណាក់ បង់ហ្គាឡូបែមប៊ូរីសត មានចំនួន១២២កន្លែង ស្មើនឹង២.១៨៧បន្ទប់ ក្នុងនោះ៖

      +សណ្ឋាគារ ១៨ កន្លែង មាន៩២២បន្ទប់

      +ផ្ទះសំណាក់១០៤កន្លែង មាន ១១៨២បន្ទប់

      +បង់ហ្គាឡូបែមប៊ូរីសត១ កន្លែង ស្នើ ១៣បន្ទប់

      +ភោជនីយដ្ឋាន ចំនួន ១២កន្លែង

      +អាហារដ្ឋាន ចំនួន ១០៥កន្លែង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ