ក្រសួងព័ត៌មាន ថាការផ្លាស់ប្តូរប្រពន្ធ័ផ្សាយ ទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ជាការងារចាំបាច់
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឲ្យដឹងថា ការផ្លាស់ប្តូរប្រពន្ធ័ ផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជា ឌីជីថល គឺជាកិច្ចការងារចាំបាច់ដែលកម្ពុជាត្រូវធ្វើ ដើម្បីសម្របខ្លួនទៅនឹងសាកលលោកដែលកំពុងតែដើរទៅមុខយ៉ាងឆាប់រហ័ស។
ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំផែនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ឌីជីថលជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា គម្រោងការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៍ ពីអាណាឡូក ទៅជាឌីជីថល ត្រូវបានលើកឡើងជាច្រើនឆ្នាំមកហើយ នឹងមានបណ្តាប្រទេស មួយចំនួនបានមក សិក្សាពីកិច្ចការងារនេះផងដែរ ហើយទើបតែរាជរដ្ឋាភិបាលសម្រេច ឲ្យបង្កើតនៅក្នុងពេល នេះ ដោយដំបូងបានបង្កើតជាក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទូរទស្សន៏ ឌីជីថល ក្នុងជំហ៊ានទី១ រយៈពេល៣ឆ្នាំ ។
ក្រុមការងារបច្ចេកទេសរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ ដើម្បីដោះ ស្រាយបន្ទារ ហ្រ្វេកង់៧០០ MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ប្តូរការ ផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល អោយបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ ឌីជីថល កម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភពលោក។ ការរៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថល មានរយៈពេលបីឆ្នាំដំបូង ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣។
លោក បានលើកពីប្រវត្តិនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សាយ ទូរទស្សន៏ អាណាឡូក ទៅជាឌីជីថល ដោយមុនគេគឺ សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០ ហើយសម្រាប់បណ្តាប្រទេសក្នុងអាស៊ាន បានសម្រេចអោយហើយនៅមុនឆ្នាំ២០២០។ ការផ្លាស់ប្តូរទៅជា ទូរទស្សន៍ឌីជីថល គឺមានសារសំខាន់សម្រាប់បណ្តាប្រទេសទាំងអស់ ក្នុងការផ្លាស់រូបភាព ឯកសារនានាបានល្អនិងងាយស្រួល ពិសេសសម្រាប់ប្រទេសកម្ពុជា គឺជាសំខាន់ណាស់ ដែលត្រូវប្រើប្រពន្ធ័ឌីជីថល ដោយសារនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ក្នុងនោះក៏ធានាអោយមានការផលិតឯកសារដែលមានគុណភាពច្បាស់ប្រភទ4K ។
ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំអោយក្រុមការងារបច្ចេកទេស ក្រសួងព័ត៌មាន ជាជំហ៊ានដំបូង ត្រូវធ្វើការសិក្សាពីតំលៃចំណាយក្នុងកា ររៀបចំតម្លើង បង្គោលអង់តែន ទីតាំងអាគារ របង ម៉ាស៊ីនភ្លើងជាដើម អោយបានច្បាស់លាស់ ទើបចាំបន្តកិច្ចការងារផ្សេងៗទៅមុខ ទៀត៕ E B