ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្ឃឹមថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-បាវិត នឹងសាងសង់ចប់សព្វគ្រប់ ដើមឆ្នាំ២០២៧។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងថា «ផ្លូវល្បឿនលឿនពី ភ្នំពេញ ទៅបាវីត នឹងបើកការដ្ឋាន ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែមិថុនា ដើម្បីចាប់ផ្ដើមកសាងផ្លូវល្បឿនទីពីរនៅកម្ពុជាយើង ពីភ្នំពេញ ទៅបាវីត ទល់ដែនកម្ពុជា-វៀតណាម។ ភាគីវៀតណាម ក៏ធ្វើពីមុកប៉ៃ ទៅហូជីមិញ។ ដូច្នេះ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅទីក្រុងហូជីមិញ។ ខ្ញុំសង្ឃឹមថា ភាគីពាក់ទាំងពីរ នឹងធ្វើចប់សព្វគ្រប់ ចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប ក៏កំពុងសិក្សាផងដែរ ហើយនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នឹងសិក្សាចប់សព្វគ្រប់។ លោកទេសរដ្ឋមន្ដ្រី ថា  «ក្រោយសិក្សារួច យើងនឹងពិចារណា តើអាចធ្វើបានទេ? ខ្ញុំ នឹងសង្ឃឹមថា នឹងអាចធ្វើបាន ហើយយើងនឹងមានផ្លូវល្បឿនលឿនទីបីពីភ្នំពេញ ទៅសៀមរាប»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ