លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អញ្ជើញចាកចេញពីកម្ពុជា ក្រោយបំពេញទស្សនកិច្ចផ្លូវការលើកដំបូងពេញ១ថ្ងៃ
ភ្នំពេញ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថ្មីថៃ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង រយៈពេលពេញ១ថ្ងៃ ប្រកបដោយផ្លែផ្កា។
ជំនួបនេះបានធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថ្មីថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, អញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងជួបសម្តែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។
លោក សេដ្ឋា ថាវីស៊ីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា ជាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ៕