កំពង់ឆ្នាំង ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានសិស្សានុសិស្សចំនួន ១,២៦២,៦០៥នាក់ បានចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលដាក់ចេញដោយក្រសួងបរិស្ថាន។

ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយ កាកបាទក្រហមកម្ពុជារដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តកណ្តាល និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រី បានលើកឡើងថា «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននឹងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានីខេត្តមួយចំនួនជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងរយៈពេលជិត១ខែនេះ គឺមានសិស្សានុសិស្ស ចំនួនជិតមួយលាននាក់ នៃសាលារៀនចំនួនជាង ៩០០០នៅរាជធានី-ខេត្តចំនួន២០ បានស្ម័គ្រចិត្ត ចូលរួម អនុវត្តយុទ្ធនាការនេះ»។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា វិស័យឯកជនមួយចំនួន ជាពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដែលមានកម្មករជាង ៧,៥០០នាក់ ក៏បានចាប់ផ្តើមស្ម័គ្រចិត្តចូលរួមជាមួយក្រសួង បរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ មិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ