កូវីដ-១៩ ធ្វើឲ្យប៉ះពាល់ផ្នែកទេសចរណ៍ ជាង៣ពាន់កន្លែង បុគ្គលិកជាង៥ម៉ឺននាក់នៅកម្ពុជា គិតត្រឹម ថ្ងៃទី១០ កក្កដា
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតត្រឹមខែកក្កដាកន្លងទៅនេះ ជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ផ្នែកទេសចរណ៍ ចំនួន៣ពាន់កន្លែង និងប៉ះពាល់ដល់បុគ្គលិកជាង ៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។
លោក ថោង ខុន បានឲ្យដឹងបែបនេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដើម្បីពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ថ្ងៃ១០ ខែកក្កដានេះ គឺមានការប៉ះពាល់ជាង ៣ពាន់ទីតាំង ហើយប៉ះពាល់ដល់បុគ្គលិក ដែលបម្រើនៅក្នុងទីតាំងនេះជាង ៥ម៉ឺននាក់ ក៏ប៉ុន្តែរាជរដ្ឋាភិបាល នៅជាប់ជាមួយនឹងការលំបាក របស់ប្រតិបត្តិករ របស់ផ្នែកឯកជន និងរបស់បុគ្គលិក និយោជកផងដែរ គឺរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើន ដើម្បីជួយដល់បណ្តាប្រតិបត្តិករ ក៏ដូចជានិយោជិក ដែលមានការប៉ះពាល់នេះ»។
ក្រសួងទេសចរណ៍ បានចាត់តាំងក្រុមការងារពិសេសមួយ ដឹកនាំដោយរដ្ឋលេខាធិការប្រចាំការ មានអនុការងារ៥ ដើម្បីធ្វើកិច្ចការងារតាមអនុការងារសំខាន់ រួមមាន៖ ទី១ យកចិត្តទុកដាក់ ពិនិត្យមើលលើសំណូមពរ របស់មូលដ្ឋានអាជីវកម្ម ទី២ ពិនិត្យទៅលើសំណូមពរ របស់បុគ្គលិកនយោជក និងទី៣ គិតដល់ការបណ្តុះបណ្តាល នៅក្នុងដំណាក់កាលនេះ។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា បានឲ្យដឹងថា គណៈកម្មការ ក៏បានស្នើ និងជំរុញឲ្យក្រសួងទេសចរណ៍បន្តសកម្មភាពរបស់ខ្លួន ជាពិសេសក្នុងកិច្ចការជំរុញចលនាទេសចរណ៍ ដោយផ្តោតចម្បងលើកសាងទំនុកចិត្តដល់ភ្ញៀវទេសចរមិនថាក្នុងស្រុក ឬភ្ញៀវអន្តរជាតិ។
លោកក៏បានលើកទឹកចិត្តឱ្យក្រសួង បន្តកិច្ចសហការយ៉ាងជិតស្និតជាមួយអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន (intra-ASEAN) នៅក្នុងដំណាក់កាលសមស្របណាមួយ ដែលចរន្ត និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អាចដំណើរការវិញបាន៕EB
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ