ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា សព្វថ្ងៃនេះ តម្លៃអ្នកសារព័ត៌មាន បានធ្លាក់ចុះដោយសារតែមាន អ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈមួយចំនួន បានបង្កបញ្ហាក្នុងសង្គម។

ក្នុងឱកាសចូលរួមប្រគល់ ពានរង្វាន់ដល់អ្នកកាសែត ជ័យលាភីប្រឡងសរសេរអត្ថបទសារព័ត៌មាន ក្នុងបរិបទកូវីដ-១៩ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តីបាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានថា ធ្វើអ្នក សារព័ត៌មានមិនមែន ចាំតែចម្លងគេ និងចេះចាំតែជេរគេនោះទេ ទើបក្លាយជាអ្នកព័ត៌មានទេ គឺត្រូវតែមានវិជ្ជាជីវៈត្រឹមត្រូវ។

លោកបន្តថា “សព្វថ្ងៃនេះ តម្លៃសារព័ត៌មានបានធ្លាក់ចុះ ដោយសារតែសកម្មភាពដែលបង្កឡើងពីអ្នកសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈមួយចំនួន រញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់”។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើក្លិបអ្នកកាសែតកម្ពុជា ត្រូវផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីឲ្យមានអ្នកព័ត៌មាន វិជ្ជាជីវៈច្រើន ដែលបានគិតគូរពីសង្គម និងផ្សព្វផ្សាយពាក់ពន្ធ័ បរិបទជម្ងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ