ភ្នំពេញ ៖ កម្ពុជា ថៃ និងវៀតណាម បានដាក់សំណើសុំឱ្យភាគីនៃប្រទេសឡាវ ធ្វើការវាយតម្លៃផលប៉ះពាល់ឆ្លងដែនឱ្យបានហ្មត់ចត់ដែលឈានទៅបន្ថយផលប៉ះពាល់ដែលអាចកើតមានពីគម្រោងវារីអគ្គិសនីហ្លួងព្រះបាងមានកម្លាំង១.៤៦០មេហ្គាវ៉ាត់ ខណៈគណៈកម្មការទន្លេមេគង្គបានបញ្ចប់កាលពីម្សិលមិញនូវដំណើរការពិគ្រោះយោបល់រយៈពេល៦ខែ សម្រាប់គម្រោងសាងសង់ទំនប់មួយនេះ។

លិខិតរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលផ្ញើទៅរដ្ឋាភិបាលឡាវ បានបញ្ជាក់ថា ការវាយតំលៃផលប៉ះពាល់បរិស្ថានឆ្លងដែនបន្ថែមទៀត គួរតែត្រូវបានធ្វើឡើងដោយពិចារណាលើផែនការ និងវិធានការកាត់បន្ថយឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទៅលើបរិស្ថាន គុណភាពទឹក លំហូរទឹក ផលនេសាទ ដំណាំកសិកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេនៅផ្នែកខាងក្រោមជាដើម។

ចំណែក រដ្ឋមន្ត្រីធនធានទឹករបស់ប្រទេសថៃ បានលើកឡើងថា ភាគីឡាវ និងអ្នកអភិវឌ្ឍន៍គម្រោង គួរតែកំណត់វិធានការកាត់បន្ថយផលប៉ះពាល់ឆ្លងដែនទាក់ទងនឹងសេដ្ឋកិច្ចសង្គមការរស់នៅ និងបរិស្ថាន។

ដូចគ្នានេះ គណៈកម្មាធិការជាតិនៃទន្លេមេគង្គរបស់ប្រទេសវៀតណាម បានលើកសំណើថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃគម្រោងវារីអគ្គិសនីហ្លួងព្រះបាង និងគម្រោងវារីអគ្គិសនីមេគង្គទាំងអស់ គួរតែត្រូវបានវាយតម្លៃឲ្យបានទូលំទូលាយ។ 

ដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងវារីអគ្គិសនីហ្លួងព្រះបាង បានធ្វើឡើងចំពេលមានបញ្ហាប្រឈមធំៗ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ ជាពិសេសអ្វីដែលគួរកត់សម្គាល់ឱ្យថ្មីៗនេះ គឺកម្រិតទឹកទន្លេមេគង្គមានការធ្លាក់ចុះយ៉ាងខ្លាំង។

ទំនប់វារីអគ្គិសនីហ្លួងព្រះបាង ត្រូវបានគ្រោងសាងសង់នៅចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីទីរួមខេត្តហ្លួងព្រះបាងប្រទេសឡាវ ដោយទំនប់នេះមានប្រវែង២៧៥ម៉ែត្រ កម្ពស់៨០ម៉ែត្រ និងទទឹងមុខកាត់៩៧ម៉ែត្រ។

ប្រទេសឡាវ បានផ្ដល់សិទ្ធិទៅក្រុមហ៊ុនវៀតណាមមួយឱ្យសាងសង់ទំនប់វារីអគ្គិសនីនេះតាំងពីឆ្នាំ២០០៧ ប៉ុន្តែរដ្ឋាភិបាលឡាវទើបតែជូនដំណឹង ទៅគណៈកម្មការទន្លេមេគង្គ (MRC) អំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីកម្លាំង១.៤៦០មេហ្កាវ៉ាត់មួយនេះ កាលពីខែតុលា ឆ្នាំ២០១៩៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ