ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ២៩ មីនា នេះថា គិតត្រឹមម៉ោងនេះ ពុំទាន់មានព័ត៌មានថា មានពលករខ្មែររងគ្រោះដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ។ ចំណែកស្ថានទូតកម្ពុជា និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដាននៅទីកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំផ្លិចបំផ្លាញដ៏សម្បើម។ ក្រៅតែពីមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីដ៏ធំមិនធ្លាប់មាននេះ ក៏បណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និងបង់ក្លាដែស។ ត្រឹមព្រឹកថ្ងៃសៅរ៍នេះ តួលេខអ្នកស្លាប់បានលោតឡើងដល់ ៦៩៤ នាក់ និងរបួស ១ ៦៧០ នាក់ នៅមីយ៉ាន់ម៉ា។ ចំណែកនៅប្រទេសថៃ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចថៃ បានរកឃើញជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកកប្រទេសថៃ ចំនួន ៥០ នាក់ ស្លាប់ ៣ នាក់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។

នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអាហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ