ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ប៉ុន្ដែសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូតទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងរន្ទឺច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។

ការថ្លែងយ៉ាងដូច្នេះរបស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» ដែលជាគោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធារដ្ឋសភាកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យ បានថ្លែងបន្ដថា «ជំងឺមិនឆ្លងសំខាន់ៗ ចំនួនបួនរួមមាន ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%»។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងបន្ដថា ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានបទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ