ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)។

កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលព្រឹកម្សិលមិញនេះរួមមានដូចជា៖  (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។

គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ ផ្លូវទឹកមួយខ្សែនេះនឹងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។

នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។

សូមរំលឹកថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនោះ ជានាយករដ្ឋមន្ត្រីកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះ បច្ចុប្បន្នបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ