រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យបញ្រា្ជបសារពីការជួញដូរមនុស្ស គ្រឿងញៀន និងគ្រឿងស្រវឹង តាមកម្មវិធីនានា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានអំពាវនាវដល់អភិបាលរាជធានី-ខេត្តទាំងអស់ ជួយណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស ពិធីករ ពិធីការិនី នៅតាមកម្មវិធីនានា រួមទាំងការប្រគុំតន្រ្តី ឬការសម្តែងសិល្បៈនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គប្បីមានការអត្ថាធិប្បាយ ឬបញ្រ្ជាប ឬរំលចសារ ស្តីពីការបង្ការទប់ស្កាត់ទេសន្តរប្រវេសន៍ខុសច្បាប់ ការប្រុងប្រយ័ត្នចាញ់បោកមេខ្យល់ និងបញ្រ្ជាបសារ ឬព័ត៌មានដែលមិនពិត ដែលព្យាយាមទាញយកគណនីអនឡាញគ្រប់ប្រភេទ ដើម្បីយកទៅប្រើប្រាស់ខុសច្បាប់។
លោកឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវដូច្នេះ នៅក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលការងារប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ។
ជាងនេះទៀត លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យជួយបញ្រ្ជាបសារ ដែលអូសទាញឱ្យចេញទៅរកការងារធ្វើនៅក្រៅប្រទេស ឬការងារមានប្រាក់ខែខ្ពស់ ដែលអាចជាកលល្បិចជនឆបោក ជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទ ដែលបច្ចុប្បន្ន បាននិងកំពុងទាក់ទាញយុវវ័យជាច្រើន ឱ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយមិនដឹងខ្លួន និងបានណែនាំឱ្យលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចាប់អារម្មណ៍ ចំពោះសារប្លែកៗ ដែលបង្ហោះតាមទូរសព្ទ ឬកម្មវិធីអនឡាញនានា ហើយត្រូវលុប ឬBlock ឬផ្តល់ព័ត៌មានទៅសមត្ថកិច្ចឱ្យស្រាវជ្រាវរកជនខិលខូច។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរ ឱ្យជួយបញ្រ្ជាបនូវសារទៅកាន់យុវវ័យឱ្យចៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ដែលបំផ្លាញសុខភាព ព្រោះប្រាកដណាស់ថា ការប្រគុំតន្រ្តី ឬកម្មវិធីសប្បាយៗជាច្រើន តែងទទួលការឧបត្ថម្ភពីម្ចាស់ស្រាបៀរ តែក៏មិនគប្បីលើកទឹកចិត្តជ្រុលហួសហេតុ រហូតឱ្យយុវវ័យងប់ងល់នឹងគ្រឿងស្រវឹងដែរ។
សូមជម្រាប ទន្ទឹមនឹងការអំពាវនាវខាងលើនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំឱ្យពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងលំហូរចំណាកស្រុក ដោយធ្វើការតាមដានសភាពការណ៍ តាំងពី មូលដ្ឋាន ភូមិ ឃុំ សង្កាត់ រហូតដល់ការឆ្លងកាត់ព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងប៉ាន់ប្រមាណអំពី គោលដៅនៃបទល្មើសឱ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ភាពរងគ្រោះឱ្យបានទាន់ពេលវេលាផងដែរ៕