ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ពានអាកាសមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

តាមផែនការ ស្ពាននេះ​នឹងត្រូវបានប្រើប្រាស់ រយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែង អាស្រ័យដោយមានការខិតខំប្រឹងប្រែង របស់ក្រុមការងារសាងសង់ប្រកបដោយឆន្ទៈខ្ពស់ បានធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ ត្រឹមតែ ៣០ខែប៉ុណ្ណោះ ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយ បានប្រើប្រាស់ជាបណ្តោះអាសន្ន នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន៖
(លើកទី១) ដាក់ឱ្យប្រើប្រាស់ស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ (លើកទី២) ដាក់ឱ្យប្រើប្រាស់ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦.៧៧៥.០០០$ (សាមសិបប្រាំមួយលាន ប្រាំពីររយចិតសិបប្រាំពាន់ ដុល្លាអាម៉េរិក) ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែក ដែលនៅសល់ ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ដំណាក់កាលទី២។ ស្ពាននេះ គឺជាស្ពានអាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាស្ពានអាកាសទី៧ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ